បើចង់ឲ្យកូនធំឡើងក្លាយជាអ្នកមាន បង្រៀនវិធីសាស្ត្រ ១០យ៉ាងនេះ
អាណាព្យាបាល
ភាគច្រើន បានបណ្តោយពេលវេលារសាត់អណ្ដែតតាមខ្យល់ឥតប្រយោជន៍
រកអនាគតដ៏ល្អសម្រាប់កូនៗរបស់ខ្លួនគ្មាន
រហូតដល់ពេលទឹកដល់ច្រមុះ ហើយទើបស្រវេស្រវាឲ្យគេជួយ។
នេះជាកំហុសឆ្គងដ៏ធំមួយ
ត្បិតអីគ្មានមនុស្សណាម្នាក់កើតមកចង់ក្លាយជាអ្នកក្រនោះឡើយ។
ប៉ុន្តែផ្លូវដែលចង់កូនៗរបស់អ្នកក្លាយជាអ្នកមានប្រាក់
ស្តុកស្តម្ភពេលដែលពួកគេធំដឹងក្តីឡើង
ក៏មិនមែនជារឿងមួយងាយស្រួលនោះដែរ។
សម្រាប់អ្នកជំនាញបានលើកឡើងថា
ការហាត់ពត់លត់ដំកូនៗរបស់អ្នកតាំងពីតូចៗរហូតដល់ធំដឹងក្តីនូវ
គន្លឹះ១០ យ៉ាងខាងក្រោមនេះ គឺជាវិថីមួយយ៉ាងជោគជ័យ
អាចធ្វើឲ្យពួកគេមានអនាគតភ្លឺស្វាងក្លាយជាអ្នកមានបាន។
តើវិធីសាស្ត្រទាំងនោះមានអ្វីខ្លះ?
១) បង្រៀនឲ្យបង្កើតជម្រើសសម្រាប់ជីវិត
ពិភពលោកពោរពេញទៅដោយឱកាសយ៉ាងសំបូរបែប
ដើម្បីអនុញ្ញាតឲ្យកូនៗរបស់អ្នកមានជម្រើស
និងមហិច្ឆតាមួយសម្រាប់ខ្លួនឯងនូវអ្វីដែលពួកគេចង់ធ្វើនៅពេល
អនាគត។ ប៉ុន្តែ
អ្នកត្រូវតែបង្ហាញជម្រើសមួយដល់ពួកគេឲ្យចេះពង្រឹងសមត្ថភាពរបស់
ខ្លួនលើការធ្វើជំនួញ ឬ វិធីសាស្ត្ររកប្រាក់ចំណូល ព្រោះថា
ជម្រើសលើផ្លូវមួយនេះអាចឲ្យពួកគេក្លាយជាអ្នកមានបាន។
២) បញ្ជូនឲ្យទៅរៀនសាលាឯកជន
ចំណុចនេះអាចផ្ទុយពីមហាសេដ្ឋីមួយចំនួនដែលមិនបានរៀនចប់ថ្នាក់ ឬ
មហាវិទ្យាល័យផងនៅតែអាចក្លាយជាមហាសេដ្ឋីបាន។ ប៉ុន្តែ
នៅយុគសម័យបច្ចេកវិទ្យានេះ
ជាជម្រើសមួយល្អប្រសើរអាចឲ្យកូនៗរបស់អ្នកមានមូលដ្ឋានគ្រឹះ
រឹងមាំ
គឺត្រូវបញ្ជូនពួកគេទៅសាលាឯកជនណាមួយដែលមានកម្មវិធីសិក្សាល្អៗ
ជាពិសេសលើមុខវិជ្ជាមុខជំនួញ ឬ អាជីវកម្ម ។
វាអាចមានតម្លៃថ្លៃជាងសាលារដ្ឋក៏ពិតមែន តែអនាគតរបស់ពួកគេ
ពិតជាមានតម្លៃថ្លៃជាងនេះទៅទៀត។
៣) បង្រៀនឲ្យចេះស្រលាញ់ការងារ
ក្នុងនាមជាអាណាព្យាបាល
អ្នកគឺជាមនុស្សតែម្នាក់គត់ដែលរស់នៅយ៉ាងជិតដិតបំផុតជាមួយ
កូនៗរបស់អ្នកជាងគេ។ ដូច្នេះ
ក្រៅតែបង្រៀនពួកគេឲ្យចេះស្រលាញ់ការងារ មិនខ្ជិលច្រអូស
អ្នកក៏ត្រូវបង្ហាញសកម្មភាពមួយយ៉ាងសកម្មផងដែរ
ដើម្បីឲ្យពួកគេយកគំរូតាម ដូចជានិយាយទៅកាន់កូនៗរបស់អ្នកថា
បើចង់មានលុយច្រើន ត្រូវតែធ្វើការ។
ជៀសវាងដាច់ខាតសកម្មភាពមួយចំនួនដែលជាគំរូអាក្រក់ដល់ពួកគេ។
៤) បង្រៀនឲ្យចេះស្រលាញ់អ្នកដទៃ
បរិស្ថានខាងក្រៅ
ប្រៀបដូចជាទីលានប្រយុទ្ធសម្រាប់ឲ្យកូនៗរបស់អ្នកបង្ហាញសមត្ថភាព
របស់ពួកគេ។ រីឯលំនៅឋានរបស់អ្នក ឬ សាលារៀនរបស់ពួកគេ
គឺជាកន្លែងផលិតចំណេះដឹង។ សូមផ្តល់ឱកាសឬ
បង្រៀនពួកគេឲ្យមានប្រស្រ័យទំនាក់ទំនងយ៉ាងជិតស្និទ្ធ
ផ្តល់ក្តីស្រលាញ់ និង
ស្វែងយល់ជាមួយមនុស្សផ្សេងៗគ្នានៅក្នុងសង្គមឲ្យបានកាន់តែ
ច្រើនកាន់តែល្អ។
នេះជាចំណែកមួយដែលធ្វើឲ្យកូនៗរបស់អ្នកក្លាយជាសហគ្រិនបាន។
តែហាមដាច់ខាតកុំធ្វើឲ្យពួកគេមានអារម្មណ៍ថា
ហាក់ចាញ់ប្រៀបអ្នកណាម្នាក់ ឬ
បង្ហាញអត្តចរិតហួសហេតុបំពានលើសិទ្ធិអ្នកដទៃ។
៥) បង្រៀនឲ្យចេះចែករំលែក និងមានក្រមសីលធម៌ល្អ
អ្វីៗដែលកូនៗរបស់អ្នកត្រូវធ្វើឡើង មិនមែនសុទ្ធតែដើម្បីតែលុយៗ
នោះទេ ពោលគឺបង្រៀនឲ្យពួកគេចេះចែករំលែក
និងមានក្រមសីលធម៌ល្អទៅមនុស្សជុំវិញខ្លួន
ត្បិតអីចំណុចទាំងនេះនឹងធ្វើឲ្យកូនៗរបស់អ្នកមានតម្លៃសម្រាប់
អ្នកដទៃ។ អ្នកត្រូវចាំថា អ្នកមានពិតប្រាកដ
គឺនៅពេលដែលអ្នកចំណាយពេលយ៉ាងមានតម្លៃសម្រាប់បម្រើប្រយោជន៍ជា
ច្រើនដល់សាធារណជនទូទៅ។
នេះហើយជាការបណ្ដុះបណ្តាលឲ្យពួកគេរៀនរស់ក្នុងផ្លូវល្អសម្រាប់
ជីវិត ឬ អាជីវកម្មមួយដោយស្ថិតស្ថេរបាន។
៦) បង្រៀនពីរបៀបធ្វើជាសហគ្រិន
សហគ្រិនភាពគឺជាគន្លឹះធ្វើឲ្យកូនរបស់អ្នកក្លាយជាអ្នកមានបាន។
ប្រសិនបើពួកគេកើតមកមិនមានជំនាញនេះ
ត្រូវតែបង្រៀនពួកគេឲ្យកាន់តែច្រើនឡើងដូចជាស្វែងរកសហគ្រិន
អ្នកជំនួញ ឬ មហាសេដ្ឋីណាម្នាក់មកធ្វើគំរូឲ្យពួកគេ
ដើម្បីរៀនសូត្រតាមយកបទពិសោធន៍។ ទន្ទឹមនឹងនេះ
អ្នកត្រូវលើកទឹកចិត្តពួកគេឲ្យមានក្តីសង្ឃឹម និង
មហិច្ឆតាកាន់តែធំលើការធ្វើអាជីវកម្មនេះ។
៧) បង្រៀនប្រើល្បិចចេះកុហក បោកប្រាស់ លួច
គ្រាន់តែមើលចំណងជើងលើចំណុចនេះភ្លាម ប្រិយមិត្ត
ជាពិសេសអាណាព្យាបាលពិតជាស្រឡាំងកាំងជាមិនខាន ព្រោះថាការកុហក
ឆបោក ឬ លួចនេះស្តាប់ទៅវាជារឿងអសីលធម៌ និង ខុសច្បាប់ទៀតផង។
ការពិតគោលបំណងនៅត្រង់ចំណុចនេះ មិនមែនដូច្នេះនោះឡើយ
ពោលគឺចង់ឲ្យអ្នកបង្រៀនកូនៗរបស់អ្នកឲ្យចេះ
ទំនាក់ទំនងជាមួយមនុស្សល្អ និង
ការពារខ្លួនពីជនទុច្ចរិតមួយចំនួននៅក្នុងអាជីវកម្មទេតើ!
នេះជាក្បូនធ្វើឲ្យពួកគេរៀនភ្លក់រសជាតិគ្រប់បែបយ៉ាងរបស់មនុស្ស
ដូចជា ពាក្យចាស់ពោលថា៖« ផ្លូវវៀចកុំបោះបង់ ផ្លូវត្រូវកុំចោល»
នោះអី!
៨) បង្រៀនឲ្យចេះគិតលេខ
សម្រាប់មុខវិជ្ជាគណិតវិទ្យា
អ្នកមិនចាំបាច់តម្រូវឲ្យកូនៗរបស់អ្នកត្រូវតែពូកែលើមុខវិជ្ជា
នេះឡើយ ពោលគឺគ្រាន់តែបង្រៀនពួកគេឲ្យចេះគិតលេខ
ក្នុងកម្រិតមួយអាចដោះស្រាយដោយខ្លួនឯងបានគឺគ្រប់គ្រាន់ហើយ។
បើនោះគ្រាន់តែជាការបង្ខិតបង្ខំ
មិនយូរមិនឆាប់ពួកគេនឹងតុកស៊ិកគិតមិនចេញ
មានផលវិបាកប៉ះពាល់ដល់អារម្មណ៍ពួកគេជាមិនខាន។
បង្រៀនកូនៗរបស់អ្នកតាមសម្រួល ពីមួយជំហានទៅមួយជំហាន
ធ្វើយ៉ាងណាអាចឲ្យពួកគេអាចរកឃើញវិធីសាស្ត្រគិតលេខដោយខ្លួនឯង
បានទន្ទឹមនឹងមានជំនួយពីអ្នក។
៩) ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត និង បង្រៀនឲ្យចេះរកលុយ
ក្មេងៗមួយចំនួនអាចធ្វើកិច្ចការជាច្រើនយ៉ាងជោគជ័យដូចជា
កិច្ចការសាលា ខិតខំរៀនសូត្រជាដើម
នៅពេលដែលឪពុកម្តាយរបស់ខ្លួនផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត
សម្រាប់ការខិតខំរបស់ពួកគេ។
នេះអាចជាវិធីសាស្ត្រម្យ៉ាងសម្រាប់ការដោះដូរទៅវិញទៅមក។ ប៉ុន្តែ
អ្វីដែលត្រូវដើរទន្ទឹមនឹងនេះ និង
ជាវិធីសាស្ត្រកាន់តែហុចផលល្អនៅពេលអនាគតវែងឆ្ងាយទៅមុខទៀត
គឺការបង្រៀនឲ្យពួកគេចេះរកលុយ និង
យល់ពីតម្លៃនៃការងាររបស់ខ្លួន។ អ្នកជំនាញនិយាយថា ការលក់
គឺជាជំនាញដ៏ពិសេសក្នុងអាជីវកម្មដើម្បីឈានឆ្ពោះក្លាយទៅជា
អ្នកជំនួញ ឬ អាជីវករជោគជ័យនៅថ្ងៃមុខ។
១០) បង្រៀនឲ្យចេះវិនិយោគ
ការបង្រៀនរកលុយគឺជារឿងមួយប្រសើរហើយ
តែការបង្រៀនធ្វើឲ្យលុយរបស់ពួកគេកាន់តែធំឡើង
គឺជារឿងមួយដ៏សំខាន់មួយទៀត។ បើដូច្នេះមែន
តើត្រូវធ្វើដូចម្តេច? ចម្លើយតែមួយគត់នោះគឺ ការវិនិយោគ។
អ្នកត្រូវបង្រៀនពួកគេឲ្យចេះ
សន្សំប្រាក់វើជាដើមទុនទុកសម្រាប់វិនិយោគលើអ្វីដែលពួកគេចង់
ធ្វើ។ អ្នកអាចស៊កពាក្យមួយឃ្លាថា៖« បើកូនចង់ក្លាយជាអ្នកមាន
កូនត្រូវសន្សំប្រាក់ទុកសម្រាប់ការវិនិយោគ»។
គន្លឹះទាំងនេះនឹងធ្វើឲ្យពួកគេមានមូលដ្ឋានគ្រឹះដ៏សំខាន់ត្រៀម
ទុកជាមុនក្នុងសមរភូមិអាជីវកម្មនៅថ្ងៃអនាគត៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider