អ្នកធ្វើការភាគច្រើនប្រហែលជាបានដឹងអំពីច្បាប់ការងារហើយមើលទៅ។ គេថាច្បាប់ការងារមានតែពីរមាត្រាទេ មាត្រាទី១ មេមិនដែលធ្វើខុស និងមាត្រាទី២ បើមេធ្វើខុស សូមមើលមាត្រាទី១ឡើងវិញ ។ នេះគ្រាន់តែជាពាក្យកំប្លែងលេងតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើយើងយកគតិនេះមកអនុវត្តន៍ឲ្យក្លាយជាប្រយោជន៍ សម្រាប់ខ្លួនយើងវិញពិតជាប្រសើរ។ ជោគជ័យក្នុងអាជីពណាក៏ដោយដាច់ខាតមិនអាចជៀសផុតពីទំនាក់ទំនងល្អ ជាមួយចៅហ្វាយនាយឡើយ។ ក្នុងគ្រប់ករណីទាំងអស់បើសិនអាចជៀសវាងបាន គេមិនត្រូវឈ្លោះប្រកែកជាមួយចៅហ្វាយនាយឡើយ។ ប្រសិនបើឈានដល់ផ្លូវមួយដែលត្រូវតែចាកចេញ លែងចង់ធ្វើការជាមួយចៅហ្វាយនោះហើយ គេគួរ៖
១. បើមិនទាន់រកបានការងារល្អជាងមុនទេ គេគួរព្យាយាមរក្សាទំនាក់ទំនងល្អជាមួយចៅហ្វាយនាយ និងខិតខំបំពេញការងារស្នូលឲ្យល្អដល់កម្រិត។ នេះជាយុទ្ធសាស្ត្រដង្កូវបាក់ខ្នង ពោលគីប្រសិនបើជើងមុខចាប់មិនទាន់បានទេ មិនព្រលែងជើងក្រោយជាដាច់ខាត។ លុះត្រាតែចាប់បានមួយទើបព្រលែងមួយទៀតចោល។
២. បើរកបានការងារល្អជាងមុនហើយ គេគួរទៅពិភាក្សាជាមួយចៅហ្វាយនិងប្រាប់ឲ្យដឹងពីការចាកចេញ លៃយ៉ាងណាកុំឲ្យមានការល្អក់កកចិត្តនឹងគ្នា គឺរក្សាទំនាក់ទំនងឲ្យនៅដូចដើមជាដរាប។ ប្រសិនបើអាច គេគួរជួយរកមនុស្សណាម្នាក់ដែលមានសមត្ថភាពជំនួសកន្លែងដែលនៅ ទំនេនេះ រួចផ្តល់យោបល់ឲ្យចៅហ្វាយចាស់ពិចារណាទទួលយកបុគ្គលិកថ្មីនោះជំនួស ខ្លួន។ ធ្វើបែបនេះ អាចជួយកាត់បន្ថយភាពតានតឹងជាមួយចៅហ្វាយ និងជួយសម្រាលបន្ទុករបស់អង្គភាពក្នុងការជ្រើសរើសបុគ្គលិកថ្មី។
ហេតុអ្វីចាំបាច់រក្សាទំនាក់ទំនងល្អជាមួយចៅហ្វាយ?
ធម្មតា ចៅហ្វាយនាយតែងស្គាល់មនុស្សច្រើនក្នុងសង្គម ហើយទំរាំតែគាត់ឈានមកដល់ចំនុចនេះគាត់ក៏ធ្លាប់បានឆ្លងកាត់រឿង ច្រើនរាប់មិនអស់ដែរ។ យើងគួរតែទុកឲ្យគាត់ឈ្នះយើងទៅចោះ+។ នេះមិនមែនមានន័យថាយើងចាញ់គាត់ទេ យើងក៏ឈ្នះដែរ គឺឈ្នះចិត្តគាត់។ ធ្វើបែបនេះ គឺយើងនៅតែទុកឱកាសល្អមួយសម្រាប់ខ្លួនឯងជានិច្ច។ ឧទាហរណ៍ថាថ្ងៃក្រោយ បើចៅហ្វាយចាស់ ត្រូវការមនុស្ស ឬមានមិត្តភក្តិរបស់គាត់ត្រូវការមនុស្សចាត់ចែងការងារ គាត់មុខតែនឹកឃើញដល់យើងជាក់ជាពុំខាន។
និពន្ធដោយ គេហទំព័រសាលារៀន salarean.com