Posted by : luxery supper market July 25, 2014


គ្មាន​នរណា​ម្នាក់​​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នកក្រ​ទេ ពោល​គឺមិន​ថា​ក្មេង​មិន​ថា​ចាស់​ ​​ក្លាយ​ទៅ​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន គឺ​ជា​ក្តី​សុបិន​ដ៏​ធំ​មួយ។​ យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​មនុស្ស​ម្នាក់​ស្អប់​ភាព​ក្រីក្រ ហើយ​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​ភាព​ជា​អ្នក​មាន​ក្តី តែ​បើ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន គឺ​ស្ថិត​ក្នុង​ភាគរយ​តិចតួច​នៅ​ឡើយ ខណៈ​ចំនួន​អ្នក​ក្រ​វិញ​គឺ​មាន​​​​ច្រើន​នៅ​លើ​ពិភពលោក​នេះ។

តើ​មាន​មូលហេតុ​អ្វី​ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន?

ខាងក្រោម​នេះ គឺ​ជា​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ពេល​អនាគត មាន​ដូច​ជា៖


១) ចូល​ចិត្ត​ចាយ​ច្រើន

នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ភាគ​ច្រើន​ តែង​និយម​ប្រើប្រាស់​សំភារៈ​ទំនើប​ៗ ដែល​មាន​តម្លៃ​ថ្លៃៗ។ សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​គឺ អ្វីៗ​គ្មាន​បញ្ហា​នោះ​ទេ។ បញ្ហា​គឺ​សម្រាប់​អ្នក​មិន​សូវ​មានលទ្ធភាព ព្រោះ​ពួក​គេ​ភាគ​ច្រើន​ព្យាយាម​ប្រើប្រាស់​របស់​ទាំង​នោះ បើ​ទោះ​ជា​ខ្លួន​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក៏​ដោយ តែ​ឲ្យ​តែ​បាន​ប្រើ​ បើ​ទោះបីជា​ត្រូវ​លក់​អ្វីៗ​ផ្សេងៗ​ គឺ​ត្រូវ​តែ​ទិញ​ទាល់​តែ​បាន។ ប្រការ​នេះ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​អាច មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​អនាគត​នោះ​ទេ ព្រោះ​មិន​អាច​សន្សំ​ប្រាក់​សម្រាប់​ពេល​ចាំបាច់​បាន​ឡើយ។


២) មាន​បំណុល​ច្រើនពេក

ការ​ជំពាក់​ធនាគារ ឬ នរណា​ម្នាក់ គឺ​ជា​រឿង​ជៀស​មិន​ផុត ទាំង​ក្នុង​ជីវិត​ឯកជន​ធម្មតា និង ក្នុង​ពេល​ធ្វើ​អាជីវកម្ម។ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​នៅ​ត្រង់​ថា ការ​ខ្ចី​លុយ​នោះ គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​អ្វី ហើយ​មាន​ផែន​ការ​ច្បាស់លាស់ ក្នុង​ការ​សង់​វិញ​ដែរ​ឬ​ទេ។ អ្នក​ខ្លះ​ខ្ចី​លុយ​គេ​ដើម្បី ពង្រឹង​ជំនួញ​របស់​ខ្លួន ឲ្យ​កាន់​តែ​រឹងមាំ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​ជំពាក់​លុយ​គេ​ជាច្រើន ដោយ​សារ​តែ​ការ​លេង​ល្បែង​ស៊ីសង​ផ្សេងៗ។

ប្រសិនបើ​អ្នក​ជំពាក់បំណុល​កាន់​តែ​ច្រើន​ទៅៗ ហើយ​គ្មាន​វិធី​ច្បាស់លាស់ ក្នុង​ការ​សង​វិញ​ទេ​នោះ មានន័យថា អ្នក​នឹង​គ្មាន​ថ្ងៃ​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ទេ ព្រោះ​លុយ​ដែល​ព្យាយាម​រក​បាន គឺ​សម្រាប់​តែ​ដោះ​បំណុល​ប៉ុណ្ណោះ។

៣) គ្មាន​ផែនការ​ច្បាស់លាស់

ផែនការ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​តម្រង់​ទិស​ដៅ​លើ​ផ្លូវ​ដែល​ត្រូវ​ដើរ និង សម្រាប់​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន។ មានន័យថា​ បើ​មាន​ផែនការ​ គឺ​ស្មើ​នឹង​មាន​គោល​ដៅ​រួច​ទៅ​ហើយ ថា​តើ​​ត្រូវ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ក្លាយ​ទៅ​ជា​អ្នកមាន?​ ដូច្នេះ ការ​ដើរ​ទៅ​រក​គោល​ដៅ​គឺ​ជា​រឿង​បន្ទាប់។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្មាន​ផែនការ​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ទេ​នោះ ភាព​បរាជ័យ នឹង​កើត​ឡើង​ជា​មិន​ខាន។

៤) គ្មាន​សេចក្តី​ព្យាយាម
សេចក្តី​ព្យាយាម​គឺ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ជីវិត​មនុស្ស។ មនុស្ស​ភាគ​ច្រើន​មិន​ទទួល​ជោគជ័យ គឺ​មិន​មែន​ដោយ​សារ​តែ​ពួកគេ ល្ងង់ ឬ អសមត្ថភាព​ក្នុង​ការ​ធ្វើ​រឿង​អ្វី​មួយ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ មក​ពី​ខ្វះ​ការ​តស៊ូ។ គ្មាន​រឿង​អស្ចារ្យ​ណា​មួយ​កើត​ឡើង​ដោយ ងាយៗ​នោះ​ទេ ពោល​គឺ​អ្វីៗ​ត្រូវ​​ចំណាយ​ពេល និង ប្រើប្រាស់​ធនធាន ក៏​ដូចជា​ការ​អត់ធ្មត់​​ច្រើន​ទើប​អាច​សម្រេច​បាន​។ តែ​យ៉ាង​ណាក៏ដោយ នៅ​ពេល​ជួប​បញ្ហា​ម្តងៗ មនុស្ស​ភាគ​ច្រើន​តែង​តែ​បោះបង់ ដូច្នេះ​ភាព​ជោគជ័យ​មិន​អាច​កើត​មាន​ឡើយ។ ក្នុង​ន័យ​នេះ អាច​និយាយ​បាន​ថា បើសិន​ជា​អ្នក​មិន​ព្យាយាម​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា មាន​ប្រយោជន៍ ឬ ជា​ផ្លូវ​ដែល​ធ្វើ​ឲ្យ​ជោគជ័យ​នោះ​ទេ អ្នក​ពិត​ជា​មិន​អាច​មាន​ឱកាស​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ឡើយ។


៥) ចូលចិត្ត​ពឹង​ផ្អែក​លើ​អ្នកដទៃ​ខ្លាំងពេក

ការ​ពឹង​ពាក់​អ្នក​ដទៃ គឺ ជា​រឿង​ធម្មតា​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​រូប ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទេ ដូច្នេះ​ត្រូវ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា រាល់​ពេល​ដែល​អ្នក​ពឹង​អ្នក​ដទៃ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ ព្រោះ​វា​អាច​ទៅ​ជា​ទម្លាប់​មិន​ល្អ​មួយ ក្នុង​ការ​មិន​ព្យាយាម​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់ ហើយ​បែរ​ជា​ពឹង​អ្នក​ផ្សេង​ឲ្យ​ជួយ​ទៅ​វិញ។ នៅពេល​ដែល​អ្នក​មិន​ធ្វើ​រឿង​អ្វី​មួយ​ឲ្យ​អស់​ពី​លទ្ធភាព​ទេ​នោះ អ្នក​នឹង​មិន​អាច​ឈោង​ចាប់​យក​ភាព​ជោគជ័យ​បាន​នោះ​ទេ ជា​ពិសេស​នៅ​ថ្ងៃ​មួយ​ដែល​គ្មាន​អ្នក​ជួយ។ ដូច្នេះ គួរ​ធ្វើ​កិច្ច​ការ​ឲ្យ​អស់​ពី​កម្លាំងកាយ និង កម្លាំង​ចិត្ត​សិន មុន​ពេល​ដែល​អ្នក​សម្រេច​ថា ពឹង​អ្នក​ដទៃ​ឲ្យ​ជួយ។


៦) គ្មាន​មហិច្ឆតា

មហិច្ឆតា គឺជា ចំណុច​ដ៏​សំខាន់​របស់​មនុស្ស​ក្នុង​ការ​សម្រេច​អ្វី​មួយ តែ​បើ​គ្មាន​មហិច្ឆតា​ទេ មនុស្ស​ភាគ​ច្រើន​មិន​សូវ​គិត​ចង់​ធ្វើ​អ្វី​ឡើយ ហើយ​បើ​ទោះបី​ជា​ធ្វើ ក៏​វា​មិន​មាន​ភាព​អស្ចារ្យ​អ្វី​ដែរ។ ជាក់ស្តែង​ណាស់ បើ​កាល​ណា​គេ​មាន​មហិច្ឆតា​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ គេ​នឹង​ស្វែង​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី សម្រេច​គោល​ដៅ​របស់​ខ្លួន បើ​ទោះ​បី​ជា​មាន​ការ​លំបាក និង ត្រូវ​ចំណាយ​ពេល​វេលា​យូរ​យ៉ាង​ណា​ក្តី។


៧) គ្មាន​ជំហរ​ច្បាស់លាស់

បើ​អ្នក​មិន​មាន​គោល​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​ការងារ​អ្វី​មួយ​ទេ វា​នឹង​ធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​ខាត់​ពេល​វេលា។ នៅ​ពេល​ដែល​គ្មាន​គោល​ជំហរ​ច្បាស់លាស់ វា​ប្រាកដ​ណាស់​ថា អ្នក​នឹង​មិន​អាច​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ទេ តែ​គឺ​ជា​អ្នក​ទទួល​ឥទ្ធិពល​ពី​អ្នក​ដទៃ​ទៅ​វិញ។ មិន​មែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ឈរ​លើ​គោល​ការ​របស់​ខ្លួន​រហូត​ទេ ពោល​គឺ​ត្រូវ​ស្តាប់​អ្នកដទៃ​ខ្លះ​ផង​ដែរ តែ​ត្រូវ​តែ​សម្រេច​ចិត្ត​រាល់​ការងារ​អ្វីៗ​ដែល​ថ្លឹងថ្លែង​ឃើញ​ថា ពិត​ជា​ត្រឹមត្រូវ ហើយ​វា​នឹង​ជោគ​ជ័យ៕

ប្រែ​សម្រួល៖ រស្មី

ប្រភព៖​ Lifespan & Yahoo Mails

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -