- Back to Home »
- ចំណេះដឹងទូទៅ »
- ដើម្បីសុំប្រធានដំឡើងប្រាក់ខែបានជោគជ័យ គួរអនុវត្តយុទ្ធសាស្ត្រទាំង ៧យ៉ាងនេះ!
Posted by : luxery supper market
August 12, 2014
ខាងក្រោមនេះ គឺជាយុទ្ធសាស្រ្ត៧យ៉ាង ដែលធ្វើឲ្យបុគ្គលិកអាចសុំតំឡើងប្រាក់ខែយ៉ាងមានប្រសិទ្ធភាពបំផុត៖
១) រើសពេលវេលាដ៏សក្ដិសមបំផុត
ការស្នើសុំដំឡើងប្រាក់ខែ គឺជារឿងសំខាន់បំផុត ដូច្នេះមិនមែននឹកឃើញចង់បានភ្លាម ហើយទៅសុំភ្លាមនោះទេ ព្រោះវាអាចនាំឲ្យមានភាពបរាជ័យ ច្រើនជាងជោគជ័យ។ ឧទាហរណ៍ថា ក្រុមហ៊ុនអ្នក កំពុងជួបបញ្ហាហិរញ្ញវត្ថុ បែរជាអ្នកស្នើសុំដំឡើងប្រាក់ខែទៅវិញ ដូច្នេះក្រុមហ៊ុនមិនមានលទ្ធភាពក្នុងការផ្តល់នោះទេ។ ក្នុងន័យនេះ នៅពេលដែលក្រុមហ៊ុនកំពុងតែជោគជ័យ អ្នកអាចបង្ហាញ ពីសមត្ថភាពក្នុងការបំពេញការងារផងដែរ ទើបការសុំដំឡើងប្រាក់ខែនេះ គឺជាពេលដ៏សក្ដិសមបំផុត។
២) តើប្រធានអ្នក មានពេលស្តាប់ ឬ ទទួលសំណើដែរឬទេ?
ពេលខ្លះ បុគ្គលិកចេះតែដាក់សំណើទៅកាន់ ប្រធាន របស់ខ្លួន ខណៈ គាត់កំពុងមានភារកិច្ច ស្មុគស្មាញជាច្រើនដែលត្រូវបំពេញ។ ដូច្នេះបើទោះបីជា ទទួលយកសំណើក្តី តែគាត់គ្មានពេលវេលាណាដើម្បីមកគិត និង ពិនិត្យឲ្យច្បាស់លាសនោះទេ។ ដូច្នេះវាអាចជាការចំណាយកម្លាំងចោលទទេ។ លើសពីនេះទៅទៀត អារម្មណ៍របស់ ប្រធាន ក៏ជារឿងសំខាន់ផងដែរ ព្រោះបើទោះបីជា គាត់មិនសូវមមាញឹកក្តី តែបើមើលទៅមានអារម្មណ៍មិនល្អដោយសារអ្វីមួយនោះ វាក៏ជាបញ្ហាផងដែរ។ ក្នុងន័យនេះ គប្បីសង្កេតមើលទាំង សកម្មភាព និង អារម្មណ៍របស់ អ្នកគ្រប់គ្រង់ ថាពេលណាដែលយើងធ្វើទៅមានផលល្អ។
៣) ត្រៀមហេតុផលសមស្រប ក្នុងពេលចរចាជាមួយប្រធាន
នៅពេលដែល មានការចរចាតំឡើងប្រាក់ខែ ដោយផ្ទាល់ជាមួយនឹង ប្រធាននោះ ប្រាកដជាមានសំណួរជាច្រើនទាក់ទងនឹងបញ្ហានេះ។ដូច្នេះ មុនពេលទៅជួបផ្ទាល់ជាមួយប្រធានលើបញ្ហាសុំដំឡើងប្រាក់ខែ អ្នកគួរណាស់ត្រៀមហេតុផលសមស្របជាច្រើនដែលប្រទាក់ក្រឡាគ្នា ព្រោះវាជាចំណុចសំខាន់ក្នុងការជំរុញឲ្យប្រធានសម្រេចចិត្តតាមបំណង របស់យើង។
៤) ត្រូវដឹងពីចំណុចខ្លាំងរបស់ខ្លួន ដោយប្រៀបនឹងបុគ្គលិកដទៃ
អ្នកត្រូវបង្ហាញ ពីសកម្មភាពដ៏សំខាន់ក្នុងការងារប្រចាំថ្ងៃ ដែលបុគ្គលិកដទៃទៀតមិនអាចធ្វើល្អដូច។ វាជាចំណុចដ៏សំខាន់ ដើម្បីបង្ហាញថា អ្នកពិតជាសាកសមជាបុគ្គលិកដែលទទួលបានប្រាក់ខែខ្ពស់ជាងអ្នកដទៃ។ ដូច្នេះ នៅពេលចរចាជាមួយប្រធាន វាជារឿងងាយស្រួលក្នុងការបង្ហាញពីចំណុចខ្លាំងរបស់យើង។
៥) វិភាគលើទីផ្សារជាក់ស្តែង
បើទោះបីជា យើងជាបុគ្គលិកពូកែយ៉ាងណាក៏ដោយ ក្រុមហ៊ុនក៏មិនអាចតំឡើងប្រាក់ខែខ្ពស់ហួសពីតម្លៃនៅលើទីផ្សារ បច្ចុប្បន្ននោះទេ។ ដូច្នេះមុននឹងធ្វើការស្នើសុំការដំឡើងប្រាក់ខែនោះ យើងគួរណាស់តែធ្វើការស្រាវជ្រាវលើ ប្រាក់ខែក្នុងដំណែងដែលកំពុងធ្វើនេះជាមុនសិន ថាតើតំណែងប្រភេទហ្នឹង នៅលើទីផ្សារប្រាក់ខែខ្ពស់បំផុតប៉ុន្មាន?
៦) យល់ដឹងពីយុទ្ធសាស្ត្រក្នុងពេលតថ្លៃ
ជាទូទៅ ក្នុងពេលដែលតថ្លៃតំឡើងប្រាក់ខែនោះ អ្នកត្រូវប្រើយុទ្ធសាស្ត្រដើម្បីទទួលបានចំនួនដែលអ្នកចង់បាន។ ឧទាហរណ៍ថា អ្នកចង់ឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែ ១០% ដូច្នេះអ្នកគួរប្រាប់ថា ចង់បាន ការតំឡើង ១២ ឬ ១៣ %នៃប្រាក់ខែអ្នក ព្រោះបើដាក់សុំ ១០ % ក្រុមហ៊ុនប្រាកដណាស់នឹងដំឡើងក្រោម ១០% មិនខាន។
៧) ត្រូវរៀបចំផែនការថ្មី បើបរាជ័យ
ប្រសិនបើ ការចរចារបស់អ្នកកន្លងមក មិនទទួលជោគជ័យនោះ វាមានន័យថា យុទ្ធសាស្ត្រដែលអ្នកបានរៀបចំកន្លងមក នៅមិនទាន់គ្រប់ជ្រុងជ្រោយទេ។ ដូច្នេះ យើងមិនគួរ បោះបង់ចោលនោះទេ តែត្រូវតែធ្វើ យ៉ាងណាដើម្បីឲ្យក្រុមហ៊ុនសម្រេចដំឡើងប្រាក់ខែនៅថ្ងៃណាមួយ តាមរយៈការកែប្រែចំណុចខ្វះខាតរបស់អ្នកកន្លងមក ជាពិសេសក្នុងពេលចរចាតែម្តង៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ Top Tips News & BBC