- Back to Home »
- ចំណេះដឹងទូទៅ »
- គំនិតខ្លះៗទាក់ទងនឹងបុណ្យសង្សា
Posted by : luxery supper market
February 14, 2014
ក្នុងនាមខ្ញុំបាទ ជាកូនខ្មែររស់នៅលើទឹកដីខ្មែរ កំពុងតែមើលឃើញនូវសកម្មភាពរបស់កូនខ្មែរទាំងឡាយដែលកំពុងប្រព្រឹត្តិជារៀងរាល់ថ្ងៃ វាហាក់ដូចជាមានភាពខុសប្រក្រតីពីមួយថ្ងៃទៅមួយថ្ងៃ មានភាពទំនើបពេញនិយមតាមសម័យកាលសំភារៈនិយម និងតាមនគររូបណីយកម្មរបស់ប្រទេសជាតិ ។ ក្នុងនោះ ខ្ញុំបាទសូមលើកយកសកម្មភាពមួយចំនួនរបស់យុវវ័យខ្មែរយើងសម័យថ្មីនេះ គឺ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ យុវវ័យតែងតែហៅថា ថ្ងៃបុណ្យសង្សា (Valentine’s Day) ដែលតែងតែធ្វើនៅថ្ងៃ ១៤ ខែ កុម្ភៈ ជារៀងរាល់ឆ្នាំ នេះឯង ។ ខ្ញុំសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពថ្ងៃបុណ្យសង្សានេះ យុវវ័យរបស់យើងមានភាពឈ្លក់វង្វេងជាខ្លាំង សូម្បីតែក្មេងៗបឋមសិក្សា នេះពិតជាគួរអោយបារម្ភខ្លាំងណាស់សំរាប់យុវវ័យខ្មែរយើង ហើយខ្ញុំមានសំនួរខ្លះៗ ចង់សួរទៅកាន់មិត្តៗយុវវ័យថា ៖
- តើមិត្តៗយុវវ័យស្គាល់ច្បាស់ពីអត្ថន័យពិតរបស់បុណ្យសង្សានេះដែររឺទេ? តាមរយៈអ្វី ? ដើម្បីអ្វី?
- ក្នុងនាមយើងជាកូនខ្មែរ ដែលត្រូវថែរ និងទទូលមរកតប្រពៃណីរបស់ជាតិខ្លួន តើទង្វើ និងសកម្មភាពទាំងនេះអាចជួយធ្វើអោយប្រពៃណីជាតិខ្លួន គង់វង្ស រីកចំរើនបានដែររឺទេ?
- ហើយចុះប្រពៃណីជាតិខ្លួន តើខ្លួនយើងគោរពបានខ្ជាប់ខ្ជួនហើយរឺនៅ ?
សំនូរជាបន្តខ្ញុំ បាទមិនព្យាយាមសួរច្រើនទៀតទេ សូមអោយតែកូនខ្មែរទាំងអស់ ក្មេងចាស់ប្រុសស្រី នាំគ្នាគិតពិចារណា អង្កេតដោយខ្លួនឯង ។ ខ្ញុំសូមបកស្រាយទៅតាមការយល់ឃើញរបស់ខ្ញុំ ព្រោះអីយុវវ័យយើងភាគច្រើន ជាពិសេសតាមទីក្រុង ទីប្រជុំជនធំតូច ម្នាក់ៗតែងតែទន្ទឹងរង់ចាំថ្ងៃ ១៤ កុម្ភៈ (Valentine’s Day) ដើម្បីសារភាពស្នេហ៍ ដើម្បីរកស្នេហ៍ ឬក៍ដើម្បីអ្វីផ្សេងទៀត ទាំងនេះបញ្ជាក់ថា យុវវ័យយើងមួយចំនួនធំស្ទើតែទាំងអស់ (ចំពោះទីក្រុង) មានការចងចាំខ្ពស់ទៅលើថ្ងៃ ១៤កម្ភៈ ភាគច្រើនសិស្សសាលា ។ យើងសង្កេតមើលនៅតាមទីក្រុង ទីប្រជុំជន សាលារៀន… យុវវ័យសិក្សានុសិស្សយើងពិភាក្សាគ្នាពីរឿងនេះមួយសប្តាហ៍ ឬពីរសប្តាហ៍មុនរួចមកហើយ និងមានគំរោងជាច្រើនទៀត ។
តាមសម្តីរបស់លោកគ្រូម្នាក់បាននិយាយថាពីរឿងនេះដែរថា ៖ ឆ្នាំមុនគាត់បានឡើងទៅទីក្រុងភ្នំពេញ ប៉ះចំថ្ងៃបុណ្យសង្សា (Valentine’s Day) គាត់ឃើញមានយុវវ័យយើងមួយចំនួនរសេចរសាចពេញដងវិថី ខ្លះមានកាន់ផ្កាក្នុងដៃ អ្នកខ្លះទៀតមានសង្សាបណ្តើរ… ចៃដន្យគាត់ជួបសិស្សសាលាម្នាក់ និងបានសួរថា ប្អូនចូលរួមបុណ្យនេះដើម្បីស្អី? សិស្សនោះឆ្លើយថាខ្ញុំអត់ដឹងដែរ ឃើញគេធ្វើក៏ធ្វើតាមគេទៅ គាត់ក៏ហួសចិត្តដើរចេញ ។ ចុងក្រោយ គាត់ក៏បានប្រៀបធៀបទង្វើដែលសិស្សនោះនិយាយទៅនឹង ទស្សនៈរបស់លោក ខេនីស (ទស្សនៈវិទូសេដ្ឋកិច្ច) ថា មានសំពៅមួយដែលដឹកកូនចៀមជាច្រើនរាប់សិបក្បាល ឆ្លងកាត់សមុទ្រដ៏ឆ្ងាយ ស្រាប់តែដល់ពាក់កណ្តាលសមុទ្រមានកូនចៀមមួយក្បាលបានលោតចេញពីសំពៅ ចូលទៅក្នុងទឹកព្រោង ពេលនោះកូនចៀមមួយទៀតក៏លោតទៅតាម ហើយកូនចៀមដទៃៗទៀតក៏លោតទៅតាម ទាល់តែអស់ពីក្នុងសំពៅ ឃើញដូចនោះ លោក ខេនីស ក៏បានដាក់ព្រឹត្តិការណ៍នោះថា Animal Spirit ។ ឥលូវនេះ បែរមកមើលទង្វើរបស់យុវវ័យសម័យនេះ តើខុសអ្វីដែរ ពីសត្វចៀមដែលធ្វើអ្វីៗតាមតែគ្នាដោយមិនដឹង ពីសេចក្តីវិនាសនៅពីខាងមុខ ដូចក្នុងទស្សនៈអញ្ជឹង សត្វចៀមទីមួយហក់ព្រោងទីពីរហក់ព្រោង ទីបីទីបួនព្រោង តាមតែគ្នាដោយមិនដឹងហក់ទៅស្លាប់ឡើយ ។ យ៉ាងណាមិញដូចក្រុមយុវវ័យខ្មែរយើង ធ្វើអ្វីៗតាមតែគ្នា ឃើញគេធ្វើនេះ ធ្វើនេះតាម ឃើញធ្វើនោះធ្វើនោះលោតហក់តាម ដោយភាពសប្បាយបិទបាំងមុខ នឹងមិនអាចមើលឃើញថា ភាពប៉ៈពាល់វិនាស
នឹងមកដល់ឡើយ គ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះ ។
នឹងមកដល់ឡើយ គ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះ ។
ហេតុអី្វបានជាពួកគេចាំច្បាស់ម្លេះសំរាប់ថ្ងៃ បុណ្យសង្សា (Valentine’s Day) បុណ្យណូអ៊ែល (Merry Christmas) ខ្លះត្រៀមកាដូ ត្រៀមអ្វីហើយអស់សំរាប់ថ្ងៃនោះមកដល់ តើសួរថា ទាំងនោះជាបុណ្យរបស់សាសនាខ្មែរមែនទេ? យើងដឹងហើយថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ (ប្រទេសកម្ពុជា ត្បិតតែមានសេរីភាពខាងសាសនាដទៃក៏ដោយ ) ហេតុអ្វីមិនព្រមនាំគ្នាចង់ចាំថ្ងៃបុណ្យ មាឃបូជា ចូលវស្សា ចេញវស្សា…ផងទៅ យុវវ័យខ្មែរយើងស្ទើតែទាំងអស់មិនស្គាល់ មិនដឹងថ្ងៃណាជាថ្ងៃបុណ្យមាឃបូជាផង ទាំងដែលវាជាថ្ងៃបុណ្យដ៏វិសេស និងធំសំរាប់ព្រះពុទ្ធសាសនាយើង ។
គាត់បានបន្តថា អញ្ចឹងចូរយុវវ័យខ្មែរយើងនាំគ្នាត្រិះរិះពិចារណាផងថា ខ្លួនជាខ្មែរ មានប្រពៃណីសំរាប់ជាតិខ្លួនឯង និងមានភាពអស្ចារ្យខ្លាំងជាងវប្បធម៌បរទេសទៅទៀត ខ្ញុំមិនបន្ទោសបង្អាប់អ្វីទេ ព្រោះពិភពលោកប្រកាន់ឲ្យមាននគរូបណីកម្ម (ការផ្លាស់ប្តូរវប្បធម៌រវាងគ្នាទៅវិញទៅមក) ហើយបើយើងនៅតែបន្តសកម្មភាពបែបនេះខ្លាំងទៀត កូនខ្មែរសម័យក្រោយនឹងមិនស្គាល់ច្បាស់ពីវប្បធម៌ដ៏ល្អផូរផងរបស់ខ្មែរទៀតទេ ដូចនេះយើងត្រូវតែជួយការពារ និងថែរក្សាវប្បធម៍ អរិយធម៌ជាតិឲ្យបានគង់វង្សជានិរន៍្តតទៀត ។ គិតយូរៗទៅ បុណ្យទាំងអស់នោះ វាមិនមានអ្វីទាក់ទងនឹងយើងផងដែលជាកូនខ្មែរផង វាជារបស់បរទេសសុទ្ធសាធគ្រាន់តែហូរចូលមកកាន់ប្រទេសខ្មែរ ហើយយូៗទៅវាក៏បង្វក់យុវវ័យយើងដែលជាវ័យកំពុងតែស្ថិតនៅក្នុងភាពភ្លើតភ្លើន ចង់ដឹងចង់ឮ ចង់សាកចង់ស្គាល់… អោយធ្លាក់ក្នុងអន្លងយ៉ាងជ្រៅរបស់វប្បធម៌បរទេស ដល់ទៅអាចភ្លេចពីពង្សសាវតាជាតិខ្លួនក៏អាចថាបានដែរ ។